តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការរង កងអនុសេនាធំចល័តផងដែរ។
ខ្លឹមសារប្រជុំមាន៖
១-ដកបទពិសោធន៍ ករណីកម្លាំងកងរាជអាវុធហត្ថខេត្ត សហការចុះបង្ក្រាបដំណាំកញ្ឆាខុសច្បាប់ នៅភូមិសាស្ត្រស្រុកគិរីវង់ ដែលដឹកនាំដោយឯកឧត្ដម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត (កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥)
២-ប្រគល់ភារកិច្ចជាក់ស្តែងទៅក្រុមការងារ លើការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី ស្ថិតក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ
៣-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ អនុវត្តបទបញ្ជានានា និងបន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់(ហ្គេមអនឡាញ)
៤-បន្តពង្រឹងទៅលើការងារប្រចាំបញ្ជា ប្រចាំការ និងចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ៕