ចេញផ្សាយដោយ៖ www.kehaktomporknm.com on September 14, 2020
(កំពង់ធំ)៖ លោក ជីវ កេង អនុប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៊ីណា, លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្ត លោក ស៊ិន វិរៈ អយ្យការអមសាលាខេត្តកំពង់ធំ និងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចូលរួម កាន់បិណ្ឌវេនទី១២ នៅឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោក ជីវ កេង ក៏បានជម្រាបជូន ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ អំពីការរីកចម្រើនលើកគ្រប់វិស័យ របស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសូមអរគុណសន្តិភាព ដូច្នេះសូមឲ្យប្រជាពលដ្ឋទាំងអស់ត្រូវធ្វើអំពើល្អ ឲ្យបានច្រើនដើម្បីរស់នៅសុខដុមរមនា។
លោក ជីវ កេង បានបន្តថា ការនាំយកគ្រឿងឧបភោគ បរិភោគ ប្រគេនដល់ព្រះសង្ឃទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណ ដើម្បីឧទ្ទិស មគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខ សូមឲ្យមកទទួលយកនូវអត្ថមនុញ្ញផល នាវេនកាន់បិណ្ឌទី១២នេះ ហើយដោយអំណាចផល្លាអានិសង្ឃ ពីការធ្វើបុណ្យទាននាពេលនេះ សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធ អស់លោកអ្នក ដែលមានគុណបានទៅកើតនៅឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកបានបញ្ជាក់ទៀតថា វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ នៅតាមទីវត្ត អារាមនានា និងសូមឱ្យអាជ្ញាធរ សមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាដើម្បីធ្វើយ៉ាងណាបង្ករ លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាន។
លោក ជីវ កេង ក៏បានអំពាវនាវឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការ នានាដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។
ជាមួយគ្នានេះព្រះតេជគុណ សៀង សុខ ព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ និងជាព្រះមេគុណខេត្តបានថ្លែងអំណរគុណដល់លោក ជីវ កេង និងលោកស្រី ឆាយ ស៊ីណា ព្រមទាំងសហការី ដែលតែងតែជួយផ្ដួចផ្ដើមក្នុងការកសាងនៅព្រះវិហារ សាលាឆាន់ និងពុទ្ធិវិទ្យាល័យ ដើម្បីឲ្យព្រះសង្ឃ បានសិក្សារៀនសូត្រ ទៅតាមគន្លងព្រះធម៌ដើម្បីខ្លាយជាធនធានដែលមានចំណេះដឹងសម្បូរបែបនៅក្នុងវិស័យព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថាលោក ជីវ កេង និងលោកលោកស្រី ឆាយ ស៊ីណា បានប្រគេនអង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកបរិសុទ្ធ ទឹកក្រូច ប្រេងឆា ស្ករស និងសម្ភារជាច្រើនទៀត ព្រមទាំងបច្ច័យ សម្រាប់កសាងសាលាឆាន់ នូវទឹកប្រាក់ចំនួន ១៥,៧៦៣ដុល្លាអាមេរិក និងបានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៦០អង្គ ក្នុងមួយអង្គថវិកា២ម៉ឺនរៀល លោកយាយ លោកតា ៧០នាក់ក្នុងមួយនាក់ទទួលបាន សារ៉ុង ប្រម៉ា ក្រណាត់សមួយដុំ ថវិកា ២ម៉ឺនរៀល៕
0 Comment:
Post a Comment