(ភ្នំពេញ): ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ធនាគារកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា (CBM) បានហាមឃាត់ការប្រើប្រាស់រូបិយប័ណ្ណបរទេសសម្រាប់ការទូទាត់ក្នុងស្រុក ដើម្បីធ្វើឱ្យមានស្ថេរភាពនៃអត្រាប្តូរប្រាក់បរទេសនៅក្នុងប្រទេស។
ធនាគារ CBM បានស្នើឱ្យភ្នាក់ងារនានារបស់រដ្ឋាភិបាលទូទាត់តែប្រាក់ Kyat របស់មីយ៉ាន់ម៉ាប៉ុណ្ណោះ ដោយបាននិយាយថា ការប្រើប្រាស់រូបិយប័ណ្ណបរទេសសម្រាប់ការទូទាត់ក្នុងស្រុកអាចនាំឱ្យតម្រូវការប្រាក់ដុល្លារមានការកើនឡើង និងបង្កឱ្យមានអស្ថេរភាពអត្រាប្តូរប្រាក់។
ការអនុវត្តនេះបានកើតឡើងបន្ទាប់ពីបានរកឃើញថា ភ្នាក់ងារនានារបស់រដ្ឋាភិបាល និងអង្គការមួយចំនួនកំពុងប្រើប្រាស់រូបិយប័ណ្ណបរទេសសម្រាប់ការទូទាត់ក្នុងស្រុក។
លោក Win Thaw អភិបាលរងធនាគារ CBM បាននិយាយថា ពួកគេបានប្រើប្រាស់ និងទទួលយករូបិយប័ណ្ណបរទេសនៅក្នុងសកម្មភាពមួយចំនួនរបស់ពួកគេ រួមទាំងការជួលដី ការវិនិយោគដើមទុនសម្រាប់អាជីវកម្មធានារ៉ាប់រង និងប្រាក់ចំណូលពីការបណ្តាក់ទុនរួមគ្នា។
ធនាគារកណ្តាលនេះបាននិយាយថា សេចក្តីជូនដំណឹងនេះត្រូវបានផ្ញើទៅគ្រប់ក្រសួង រដ្ឋាភិបាលក្នុងតំបន់ និងរដ្ឋ និងគណៈកម្មាធិការក្រុងនៃទីក្រុងណៃពិដោរ ទីក្រុងយ៉ាំងហ្គោន និងទីក្រុងម៉ាន់ដាឡាយ ដោយស្នើឱ្យពួកគេប្រើប្រាស់តែប្រាក់ Kyat ប៉ុណ្ណោះសម្រាប់ការទិញ និងលក់ទំនិញ និងសេវាកម្ម ព្រមទាំងការទូទាត់ប្រាក់នៅក្នុងប្រទេស៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖dara
0 Comment:
Post a Comment