ចេញផ្សាយដោយ៖ www.kehaktomporknm.com on August 22, 2022
ភ្នំពេញ: ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឬទ័យស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉កាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីយាងពិនិត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈនៅទីនោះ។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។ ដោយឡែក ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតក៏មានវត្តមានក្នុងឱកាសនោះដែរ។
នៅក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា ព្រះអង្គទាំងទ្វេ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ តទៅ ដើម្បីធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់រៀងរាល់៦ខែម្ដង របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទៅកាន់រាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព៕ ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ dara
0 Comment:
Post a Comment