នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិ បានបន្តរៀបចំពិធីបុណ្យគម្រប់ខួប ១ឆ្នាំ និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធ លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ដែលត្រូវជាប្អូនថ្លៃ សម្តេចតេជោ។
ដោយក្នុងថ្ងៃទី២នៃពិធីបុណ្យគម្រប់ខួប ១ឆ្នាំនេះ ដែលត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្ដបុទុមវត្ដី សម្តេចតេជោ ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិ បានរៀបចំនូវគ្រឿងសក្ការៈបូជាទានធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ ថ្វាយចំពោះព្រះបដិមា និងបាននិមន្តសម្តេចព្រះព្រះពោធវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ សម្តេចព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឍនាយករងទី២ សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃជាន់ខ្ពស់ ចំរើនព្រះបរិត្ត នមស្សការព្រះរតនត្រ័យ និងសមាទានសិល តាមគន្លងប្រពៃណីសាសនា។
លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង កើតនៅថ្ងៃសុក្រ ៨កើត ខែផល្កុន ឆ្នាំរកា ព.ស ២៥០០ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៥៧ ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨៖១៣នាទីល្ងាច ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
បន្ទាប់ពីប្រារព្វកិច្ចតាមប្រពៃណីសាសនារួចមក អង្គពិធីទាំងមូលបានអារាធនាសម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះសង្ឃ ស្វាធ្យាព្រះសតប្បករណាភិធម្ម (ដារ) រាប់បាត្រវេរភត្តាហារ ថ្វាយប្រគេន សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះសង្ឃ។ សម្តេចព្រះរាជាគណៈ ព្រះសង្ឃ កត្តានុមោទនា ពហូរទេវាធ្វន៍ បត្តិទានតាហ និមន្តសម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ព្រះសង្ឃ ៦៧អង្គ គោចរបិណ្ឌបាត្រតាមកម្មវិធីដែលបានគ្រោងទុក៕
0 Comment:
Post a Comment