(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជិត១៖៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ និងអធ្យាស្រ័យចំពោះការខកខានមិនបានចូលរួមបើកបវេសនកាលសភា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការខកខាននេះ ដោយសារការជូនដំណឹងពីរដ្ឋសភាយឺតជាងកម្មវិធីការងាររបស់សម្តេច។ សម្តេចតេជោស្នើសុំសភាទម្លាក់កម្មវិធីបានលឿនបន្តិច ដ្បិតសម្តេចមានការងារច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា មិនមែនទើបចាប់ផ្តើមនៅពេលនេះឡើយ ពោលបានគិតគូរចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មកម្ល៉េះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញចែកសញ្ញាបត្ររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅតាមគ្រឹះស្ថានអប់រំនានា គឺត្រូវស្តង់ដារយុវជនចង់បាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនសម័យនេះមានឱកាសច្រើន បើធៀបនឹងយុវជនសម័យមុន។ យុវជនសម័យមុនបាត់បង់ឱកាស ហើយត្រូវរបួសពិការថែមទៀតផង។ ជំនាញដែលត្រូវបានបណ្តុះបណ្តាលនាពេលនោះ គឺការប្រយុទ្ធគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនហ្វឹកហាត់ដើម្បីប្រយុទ្ធ ដើម្បីកម្ទេចគ្នា ប៉ុន្តែការហ្វឹកហាត់នាពេលបច្ចុប្បន្ន ដើម្បីទទួលការអភិវឌ្ឍន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរកាន់តែសម្បូរជំនាញ នឹងទាក់ទាញអ្នកវិនិយោគកាន់តែខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា អាចផលិតស៊ីម៉ង់តិ៍ បានប្រមាណ ៩លានតោន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម័យកាលកូវីដ១៩ បានធ្វើឱ្យកម្ពុជាមានការវិវឌ្ឍផ្នែកឌីជីថលយ៉ាងលឿនរហ័ស។ សម្តេចតេជោ ហ៊ុន សែន បានណែនាំ និងជំរុញឱ្យអភិវឌ្ឍន៍ផ្នែកឌីជីថល ឱ្យកាន់តែខ្លាំងបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព បានផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នាជា ពិសេសគឺយុវជន។ មិនដូចយុវជនជំនាន់មុននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានការព្រមានពីវិបត្តិសេដ្ឋកិច្ចសាកលយ៉ាងណាក្តី តែកម្ពុជាទាន់ដល់កម្រិតអត់លុយក្នុងធនាគារនោះទេ។ សម្តេចតេជោ អំពាវនាវកុំឱ្យស្លន់ស្លោ ហើយនាំគ្នាទៅដកលុយពីធនាគារនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រុស្ស៉ី មិនអាចកម្ទេចអ៊ុយក្រែន ហើយអ៊ុយក្រែន មិនអាចកម្ទេចរុស្ស៉ីបាននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន នឹងឈានដល់ការបញ្ចប់។ ការបញ្ចប់នោះ គឺដោយការចរចា មិនមែនយកសង្គ្រាម ទៅបញ្ចប់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីបារម្ភចំពោះការប្រែប្រួលអាកាសធាតុ ដែលមានការវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានឆ្លងផុតសេដ្ឋកិច្ចផ្គត់ផ្គង់ខ្លួនឯង ឈានដល់សេដ្ឋកិច្ចពាណិជ្ជកម្មហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា ប្រជាពលរដ្ឋខ្មែរ នឹងមិនលង់ជឿក្រុមប្រឆាំង រឿងកំណត់តម្លៃទំនិញលើទីផ្សារ ដែលជាសេដ្ឋកិច្ចបែបកុម្មុយនិស្តនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះសម្តេចបំបែកឯកទគ្គកម្មពិភពលោកអស់ហើយ ខាងធ្វើយូរជាងគេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា មន្ត្រីខ្លះឱ្យភរិយារៀបចំហុងស៊ុយកន្លែងធ្វើការ លូកលាន់កិច្ចការរបស់ប្តី ចុងក្រោយបាត់បង់អស់តំណែង។ សម្តេចតេជោ ហ៊ុន សែន រំលឹកមន្ត្រីកុំឱ្យភរិយា និងកូនយកតួនាទី និងអំណាចទៅប្រើ
* សម្តេចតេជោ ហ៊ុន សែន៖ បក្សប្រឆាំង នឹងយកការធ្លាក់សេដ្ឋកិច្ចរបស់កម្ពុជា បណ្តាលពីវិបត្តិសាកលធ្វើជាប្រធានបទវាយប្រហារការដឹកនាំរបស់រាជរដ្ឋាភិបាល
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហើបថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បង្ហើបពីផែនការរបស់ក្រុមប្រឆាំងចង់យកទឹកដីម៉ាឡេស៊ី ធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងពីភាពរវល់ការងាររបស់សម្តេច ដោយសម្តេចថ្លែងថា នៅថ្ងៃទី០៤ ខែមេសាខាងមុខនេះ សម្តេចនឹងអញ្ជើញទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មាធិការអន្តរជាតិទន្លេមេគង្គ និងនៅខែឧសភាខាងមុខ សម្តេចនឹងអញ្ជើញទៅកាន់ទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
0 Comment:
Post a Comment