ភ្នំពេញ: ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចពិគ្រោះយោបល់ជាមួយវិស័យឯកជន ស្តីពីការពង្រីកទីផ្សារនាំចេញទៅអេមីរ៉ាតអារ៉ាប់រួម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-United Arab Emirates Comprehensive Economic Partnership Agreement - "CAM-UAE CEPA") កាលពីថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីគោលបំណង និងសារៈប្រយោជន៍ នៃការចរចាបង្កើតកិច្ចព្រមព្រៀង CAM-UAE CEPA ដែលនឹងចូលរួមលើកកម្ពស់បរិយាកាស សេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការបើកច្រកទីផ្សារឱ្យកាន់តែទូលាយ និងបង្កើនឱកាសវិនិយោគទ្វេភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។ ជាវឌ្ឍនភាព ការចរចាជុំទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះដែរ កិច្ចពិគ្រោះយោបល់នេះ មានការពិនិត្យ និងពិភាក្សាអំពីយថាប្រភេទនៃទំនិញ ដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារ អេមីរ៉ាតអារ៉ាប់រួម ក្រោមកិច្ចព្រមព្រៀង CAM-UAE CEPA នាពេលអនាគត អំពីតម្រូវការទីផ្សាររបស់អេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងការបំពេញលក្ខខណ្ឌតម្រូវមួយចំនួន សម្រាប់ផលិតផលនាំចេញ រួមមាន៖ វិធានដើមកំណើតទំនិញ វិធានអនាម័យ និងភូតគាមអនាម័យ របាំងបច្ចេក ទេសពាណិជ្ជកម្ម និងការបញ្ជាក់វិញ្ញាបនបត្រហាឡាល ជាដើម។
សូមបញ្ជាក់ថា ពាណិជ្ជកម្មទំនិញរវាង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងទំហំ ១៥១លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ជាមួយនឹងកំណើន ៥៣ភាគរយ បើធៀបនឹងឆ្នាំ២០២០។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, កង់, ផលិតផលធ្វើដំណើរ, ថ្នាំជក់, អង្ករ, បរិធានអគ្គិសនីនិងបង្គុំយានយន្ត, ជ័រកៅស៊ូក្រាលផ្លូវថ្នល់, ស្ករចម្រាញ់ចេញពីមើមរុក្ខជាតិ, ចំណីសត្វ, ប្រេង, ប្លាស្ទីក, យានយន្ត, ក្រដាស។ល៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMUF4QkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--6c0486c2dd413d8a88eb1bcb353fca21ff72d504/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/AE95EE7C-9061-4120-BA7E-97BAC3F.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMDh4QkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e6e6d07022e9f2ce1eba6f4b3fb90ba01b7bdc87/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/FE137E62-EAA9-4890-8F7C-67E25E0.jpeg)
0 Comment:
Post a Comment