(ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តប្តេជ្ញាយ៉ាងមុតមាំ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាធានា នូវប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធ សម្រាប់ឆ្នាំ២០២២ សម្រាប់ជាគុណប្រយោជន៍នៃថវិកាជាតិ និងដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តឆ្នាំ២០២៣។
ការប្តេជ្ញាចិត្តជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយដ្ឋានពន្ធដារ។
រយៈពេល១០ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១១ ៩៣១.១១ប៊ីលានរៀល (ប្រមាណជា ២ ៩៤៥.៩៥ លានដុល្លារ) ស្មើនឹង ១០៤,៤៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២ ៥៣០.០៧ ប៊ីលានរៀល (ប្រមាណជា ៦២៤,៣១ លានដុល្លារ) ស្មើនឹង ២៦.៩៤%។
ពាក់ព័ន្ធជាមួយនឹងលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើង ប្រកបដោយមោទកភាពថា «ឆ្នាំនេះ (ឆ្នាំ២០២២) ជាឆ្នាំដែលយើង ខ្ញុំមានមោទកភាពខ្លាំងណាស់ជាមួយនឹងប្រាក់ចំណូលកើនឡើង យើងខ្ញុំបានប្រមូលប្រាក់ចំណូលពន្ធតាមច្បាប់ថវិការបស់យើង ត្រឹមតែជាង ១០ខែ តែប៉ុណ្ណោះ យើងខ្ញុំបានសម្រេចលើស១០០ភាគរយ នៃផែនការរួចស្រេចទៅហើយ។ ឆ្នាំនេះសង្ឃឹមថា ប្រាក់ចំណូលផ្ទៃក្នុងរបស់យើងខ្ញុំអាចសម្រេចប្រមាណជាង ១១៥% យ៉ាងតិច ដូច្នេះនេះជាចំណែកមួយ ដើម្បីទ្រទ្រង់ទៅដល់ការចំណាយ ដែលយើងកំពុងតែត្រូវរ៉ាប់រងជីវភាពរបស់ប្រជាជនរបស់យើង» ក្នុងឱកាស ដែលសម្តេចតេជោ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីបើកវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។
គួរបញ្ជាក់ថា តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តទាំងស្រុងកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឱ្យបាននូវចំណូលពន្ធផ្ទៃក្នុងចំនួន ១៤ ៤៦៥.៣៩ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១.៧០លានដុល្លារ) កើនឡើង២៦.៧០% ធៀបនឹងផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលឲ្យបាន ១១ ៤១៩.១៣ ប៊ីលានរៀល (ប្រមាណជា ២ ៨១៩.៥៥លានដុល្លារ)។
លោក គង់ វិបុល បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងដូច្នេះថា «បើទោះជាការកើនឡើងនៃផែនការប្រមូលចំណូលពន្ធ ប្រមាណ ៣ ០៤៦.២៦ប៊ីលានរៀល (ប្រមាណជា ៧៥២,១៦លានដុល្លារ) នេះជាការកើនឡើងខ្ពស់ ហើយអាចនឹងនាំឱ្យការបំពេញបេសកកម្ម របស់អគ្គនាយកដ្ឋានពន្ធដារមានសភាពតានតឹងកាន់តែខ្លាំង ក៏ខ្ញុំប្ដេជ្ញា និងព្យាយាមឱ្យអស់ពីលទ្ធភាព ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ក្នុងការ បំពេញបេសកកម្មប្រមូលចំណូលពន្ធ ដោយមិនរាថយ និងមិនរារែក ពោល គឺខ្ញុំនឹងខិតខំប្រឹងប្រែងពុះពារអនុវត្តភារកិច្ចប្រមូលចំណូល ដើម្បីជាការបន្តគាំទ្រដ៏ពេញទំហឹងចំពោះការអនុវត្ត គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ លោករដ្ឋមន្ត្រី គង់ វិបុល បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធកំណត់ចំណាត់ថ្នាក់ នៃកម្រិតប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងទទួលខុសត្រូវរបស់ប្រធានអង្គភាព (Merit and Demerit System - MDS) និងណែនាំឱ្យគណៈកម្មការគ្រប់គ្រង កម្មវិធីកែទម្រង់ផ្នែកធនធានមនុស្ស បន្តបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធកំណត់ ចំណាត់ថ្នាក់នៃកម្រិតប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ប្រធានអង្គភាព។
ការអនុវត្តនូវ MDS គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការចូលរួមសម្រាប់ការងារ កំណែទម្រង់នៃអគ្គនាយកដ្ឋានពន្ធដារ ហើយជោគជ័យដ៏ធំមួយនៃកំណែទម្រង់ធនធានមនុស្ស គឺការសម្រេចឱ្យបាននូវគោលការណ៍ គុណាធិបតេយ្យ (Meritocracy) ដោយមានគណៈកម្មការគ្រប់គ្រងកម្មវិធីកែទម្រង់ ផ្នែកធនធានមនុស្ស នៃអគ្គនាយកដ្ឋានពន្ធដារ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ អនុវត្ត និងវាយតម្លៃការងារនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការរំពឹងទុកថា ចំណូលពន្ធសម្រាប់ឆ្នាំ២០២២ អាចនឹងសម្រេចបានក្នុងរង្វង់ ១១៥% ឬលើសពីនេះធៀបនឹងផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ក្នុងនាមជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារលោកបន្តថា តាមរយៈការ Cross Check និងការពង្រឹងការអនុវត្តវិធានវិក្កយបត្រ និងកម្មវិធី វិក្កយបត្រនាំសំណាង អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញ និងបានចាត់វិធានការពន្ធដារជាបន្តបន្ទាប់ ចំពោះសហគ្រាសមួយចំនួនមានផលរបរធំ ក៏ប៉ុន្តែព្យាយាមជ្រកជាអ្នកជាប់ពន្ធតូច។
លោកបន្តថា ពន្ធដារដឹងថាតើសហគ្រាសណាខ្លះ ចេញវិក្កយបត្រត្រឹមត្រូវ តាមវិធានវិក្កយបត្រ និងខ្លះមិនទាន់បានចុះបញ្ជីពន្ធដារផង ដោយសារយើងមានកម្មវិធី វិក្កយបត្រនាំសំណាង ដែលចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មកទទួលបានការចូលរួម និងគាំទ្រពីសាធារណជនទូទៅយ៉ាងខ្លាំង។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ២០២២ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួន ២២.២២ ប៊ីលានរៀល (ប្រមាណ ៥.៤៩លានដុល្លារ) និងសម្រាប់ខែមេសា-តុលា ឆ្នាំ២០២២ រយៈពេល ១០ខែ ឆ្នាំ២០២២ សរុបចំនួន ១២៩.៨០ ប៊ីលានរៀល (ប្រមាណ ៣២.០៥លានដុល្លារ)។
ជំរុញកាងារប្រឆាំងបទល្មើសសម្អាតប្រាក់ លោក គង់ វិបុល បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២នេះ មានសំណុំរឿងស្ថិត ក្នុងនីតិវិធីស៊ើបអង្កេតបឋមលើបទល្មើសពន្ធដារចំនួន១៦ សំណុំរឿងចំនួន៧ត្រូវបានចោទប្រកាន់ ដោយអយ្យការលើបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ និងបង្កកទ្រព្យចំនួន៧ សំណុំរឿង ក្នុងនោះដែរសំណុំរឿងចំនួន ៣ ត្រូវបានចៅក្រមជំនុំជម្រះរួច លើបទល្មើសពន្ធដារ និងសម្អាតប្រាក់ ដោយបានផ្តន្ទាទោស និងបានឃុំខ្លួនបុគ្គលចំនួន៦រូប ឱ្យជាប់ពន្ធនាគារ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន បុគ្គលបន្ថែមចំនួន៦រូប។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ជំរុញការបណ្តុះបណ្តាល និងបន្តលើកកម្ពស់ការយល់ដឹងអំពីការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ដល់មន្ត្រីពន្ធដារនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត-ខណ្ឌ និងការបន្តខិតខំ ពង្រឹងកិច្ចសហការជាមួយស្ថាប័នតុលាការ ដើម្បីបង្កើនការបង្កកទ្រព្យ ហើយរហូតមកដល់ពេលនេះតុលាការបានបង្កកទ្រព្យចំនួន ៧ សំណុំរឿង។
លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារ បានពិគ្រោះយោបល់ ជូនអ្នកជាប់ពន្ធតាម Call Center 1277, GDT Live Chat, Facebook, E-Mail, GDT News Channel និង ពិគ្រោះយោបល់ដោយផ្ទាល់ សរុបចំនួន ៨៨ ៨៣៥ ករណី សម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២២ និងបានផ្តល់សេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានា (E-Tax Service) ដោះស្រាយរាល់បញ្ហាប្រឈមនានា ក្នុងការប្រើប្រាស់ ប្រព័ន្ធនិងកម្មវិធីនានាតាមប្រព័ន្ធអនឡាញសរុបចំនួន ២៣ ១៧៩ ករណី សម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២២។
អគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យបង្កើនការផ្សព្វផ្សាយ អំពីការអនុវត្ត វិធានវិក្កយបត្រដល់អ្នកជាប់ពន្ធ និងជំរុញឱ្យអ្នកជាប់ពន្ធ និងសហគ្រាសទាំងអស់ អនុវត្តឱ្យបានត្រឹមត្រូវនូវការចេញវិក្កយបត្រ ស្របតាមវិធានវិក្កយបត្រ ដែលក្នុងដំណាក់កាលនេះ អគ្គនាយកដ្ឋានពន្ធដារ អនុវត្តដោយទន់ភ្លន់ ដោយផ្សព្វផ្សាយនិងណែនាំ ហើយឆាប់ៗខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តវិធានការផ្លូវច្បាប់ ចំពោះសហគ្រាសដែលមិនបានអនុវត្តត្រឹមត្រូវតាមវិធានវិក្កយបត្រ។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានរៀបចំការបណ្តុះបណ្តាល និងសិក្ខាសាលាសម្រាប់មន្ត្រី និងសាធារណជនទូទៅ សម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២២ មានចំនួន ៧៦៩ លើក មានសិក្ខាកាមចូលរួមចំនួន ៨៤ ០៥៧ នាក់ ក្នុងនោះ វគ្គបណ្តុះបណ្តាលចំនួន ៤៤៧ លើក មានសិក្ខាកាម ចូលរួមចំនួន ៥៦ ១១៤ នាក់ និងសិក្ខាសាលាចំនួន ៣២២ លើក មានសិក្ខាកាមចូលរួមចំនួន ២៧ ៩៤៣ នាក់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី គង់ វិបុល បានលើកឡើងថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ នឹងផុតកំណត់នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ដូច្នេះ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់សាធារណជន ដែលមិនទាន់បានបង់ សូមប្រញាប់រួសរាន់មកប្រកាស និងបង់ពន្ធឱ្យបានទាន់ពេលវេលា។
លោករដ្ឋមន្ត្រីបានជំរុញ ឱ្យអ្នកជាប់ពន្ធប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃ “GDT Taxpayer App” របស់អគ្គនាយកដ្ឋានពន្ធដារ ដែលផ្តល់លទ្ធភាពដល់សាធារណជនបង់ពន្ធមធ្យោបាយតាមប្រព័ន្ធអនឡាញឱ្យមាន ភាពងាយស្រួល និងឆាប់រហ័ស។
អគ្គនាយកដ្ឋានពន្ធដារ កំពុងបន្តសិក្សារៀបចំវិធានការបំពាក់ GPS និង RFID លើរថយន្តដឹកជញ្ជូន ក្នុងគោលដៅគ្រប់គ្រងទិន្នន័យ ក្នុងការប្រកាសពន្ធ ក៏ដូចជាសម្រួលការផ្តល់សេវាជូនអ្នកជាប់ពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពិនិត្យរៀបចំយន្តការ ដើម្បីគ្រប់គ្រងការប្រមូលចំណូលពន្ធពីវិស័យល្បែង និងកាស៊ីណូផងដែរ។
លោករដ្ឋមន្ត្រី គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលជាជោគជ័យនិងជាសមិទ្ធផលរួមរបស់ អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕
0 Comment:
Post a Comment